សម្តេចធិបតីនាយករដ្ឋមន្ត្រី ចាត់តាំងឯកឧត្តម មែ ស៊ីថន តំណាងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញទៅសាកសួរសុខទុក្ខ នាំនូវសារលិខិតមរណ:ទុក្ខ និងរំលែកទុក្ខរបស់សម្តេចធិបតី និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមគ្រួសារ នៃសព ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានទូរសព្ទជួបផ្ទាល់ជាមួយក្រុមគ្រួសារនៃសពនិស្សិតដែលបាត់បង់ជីវិត ដើម្បីបញ្ជាក់ពីការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ព្រមទាំងចូលរួមរំលែកទុក្ខចំពោះការបាត់បង់កូនប្រុស ចៅប្រុស និងប្អូនប្រុសជាទីស្រឡាញ់ និងជាធនធានមនុស្សបញ្ញវន្តដ៏មានសក្តានុពលរបស់កម្ពុជា ដែលបាន និងកំពុងបំពេញបេសកកម្មសិក្សាបង្កើតសមត្ថភាព ដើម្បីយកមកបម្រើឧត្តមប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ និងប្រជាជនកម្ពុជា ជាទីស្នេហាបំផុតរបស់យើង ។
ព្រមជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏សូមបួងសួងដល់វិញ្ញាណក្ខន្ធនិស្សិត ចាន់ ឧត្តម បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លៀតឡើយ។ ដើម្បីជួយរំលែកបន្ទុកមួយចំណែក និងសេចក្តីសោកសង្រេងនៃការបាត់បង់និស្សិតចំពោះក្រុមគ្រួសារនៃសព សម្តេចធិបតីនាយករដ្ឋមន្ត្រី សម្រេចទទួលបន្ទុកលើការនាំសពមាតុភូមិនិវត្តន៍ ព្រមជាមួយនឹងការចាត់ចែងរៀបចំពិធីបុណ្យសព ដោយរ៉ាប់រងការចំណាយទាំងអស់។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី៨ ខែតុលា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យពលរដ្ឋខ្មែរនៅអ៊ីស្រាអែលត្រូវអនុវត្តទៅតាមគោលការណ៍ណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល ហើយដាក់ខ្លួននៅកន្លែងសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួនព្រោះស្ថានភាព មានភាពច្របូកច្របល់ដែលត្រូវធ្វើយ៉ាងណាខិតខំថែរក្សាសុខភាពផ្ទាល់ខ្លួន នៅក្នុងទីតាំងសុវត្ថិភាពឱ្យស្របតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល ។
សម្តេចធិបតីបញ្ជាក់ថា «រាជរដ្ឋាភិបាលនឹងបន្តតាមដានយកចិត្តទុកដាក់ទៅលើកិច្ចការងារនេះ ហើយកិច្ចខំអស់លទ្ធភាពដើម្បីសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរបស់យើង ជាពិសេសបងប្អូនក្មួយៗនិស្សិតទទួលបានការការពារ ៕
No comments:
Post a Comment