យ៉ាងហោចណាស់មានមនុស្ស ២ នាក់ បានស្លាប់ និងមនុស្សប្រុស-ស្រី ២៥ នាក់ទៀត រងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសាំងយ៉ុង ដឹកកម្មកររោងចក្រ និងរថយន្តកុងតឺន័រ កាលពីវេលាម៉ោង ៧ និង ៥០ នាទី ព្រឹកថ្ងៃទី ២៨ ខែសីហា ២០២៤ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចក្បែរវិទ្យាល័យស្រុកកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
យោងតាមសមត្ថកិច្ច បានឱ្យដឹងថា ភាគីខាងរថយន្តកូរ៉េ ដឹកទំនិញ ក្បាលពណ៌ស ពាក់ផ្លាកលេខ កោះកុង 3A-0815 មានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ អ្នកបើកបរបានរត់គេចខ្លួនបាត់ ។ រីឯភាគីខាងរថយន្តសាំងយ៉ុង ដឹកកម្មករ ពាក់ផ្លាកលេខ កំពត 2A-1524 បើកបរដោយឈ្មោះ ផាន ភ័ក្រ ភេទប្រុស អាយុ ៤១ ឆ្នាំ របួសធ្ងន់ បញ្ជូនដល់មន្ទីរពេទ្យ (ស្លាប់) មានទីលំនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងឈ្មោះ រ៉ូ ហ្វីយ៉ា ភេទស្រី អាយុ ២៥ ឆ្នាំ ជាខ្មែរឥស្លាម (ស្លាប់) រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។សមត្ថកិច្ច បានបន្តថា រថយន្តកូរ៉េ ដឹកទំនិញ មានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ បានឡើងវ៉ាជែងជាមួយរថយន្តមួយផ្សេងទៀត ក៏រ៉េចង្កូតបុករថយន្តសាំងយ៉ុងដឹកកម្មកររោងចក្រ ក្នុងទិសដៅផ្ទុយគ្នា (ពីកើតទៅលិច) យ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់ ០២ នាក់ និងរបួសធ្ងន់-ស្រាល ចំនួន ២៥ នាក់ ។
ក្រោយពេលកើតហេតុ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកកំពង់សីលា បានសហការជាមួយកម្លាំងអធិការនគរបាលស្រុកកំពង់សីលា នៅការពារទីតាំងកើតហេតុ និងជួយសង្គ្រោះជនរងគ្រោះទៅកាន់មណ្ឌលសុខភាពក្នុងស្រុកកំពង់សីលា និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ៕
No comments:
Post a Comment