លោក សាប់ សារុន ប្រធានសមាគម អ្នកចិញ្ចឹមបង្កងខេត្តតាកែវ បានអះអាងថា បង្កងចិញ្ចឹមទឹកសាបខេត្តតាកែវពិតប្រាកដ គឺមិនមានលក់ឡើយក្នុងតម្លៃទាបចន្លោះពី ២ម៉ឺនរៀល ទៅ ៤ម៉ឺនរៀលទេ ក្នុងមួយគីឡូក្រាម ព្រោះជាបង្កងចិញ្ចឹមតាមបែបធម្មជាតិ និងតាមស្តង់ដារច្បាស់លាស់ ។
លោក សាប់ សារុន មានប្រសាសន៍ថា បច្ចុប្បន្ននេះ បង្កងនាំចូលពីខាងក្រោមហើយបន្លំថាជាបង្កងរបស់ខេត្តតាកែវ កំពុងវាយលុកទីផ្សារយ៉ាងខ្លាំង ដោយសារឈ្មួញធ្វើការនាំចូលហើយលក់ក្នុងតម្លៃថោកជាង តែបំប៉ោងថាជាបង្កងនៅក្នុងខេត្ត ។ ជាក់ស្ដែង សព្វថ្ងៃនេះបង្កងចិញ្ចឹមទឹកសាបនៅក្នុងខេត្តផ្ទាល់ មានលក់ត្រឹមលក្ខណៈតាមទីផ្សារបន្តិចបន្តួចតែប៉ុណ្ណោះ មិនទាន់ឈានចូលដល់បុកទីផ្សារខាងក្រៅ សម្រាប់ប្រជាពលរដ្ឋបរិភោគឡើយ ។ ម្យ៉ាងវិញទៀត ទីផ្សារបង្កងក៏នៅមានកម្រិត មិនទាន់ទទួលបានទីផ្សារទូលំទូលាយនោះទេ គឺមានលក្ខណៈតូចនៅឡើយ ។
លោក ក៏បានសង្កត់ឆ្ងន់ថា «ប្រជាពលរដ្ឋមួយចំនួន ដែលបានទិញបង្កងនាំចូលពីក្រោម គឺអាចច្រឡំគ្នាជាមួយបង្កងខេត្ត ព្រោះតែវាមានទំហំរូបរាងស្ទើរដូចគ្នាទាំងស្រុង ។ ប៉ុន្ត ការពិតទៅ បង្កងនាំចូល ភាគច្រើនឈ្មួញនាំយកមកលក់តែជាប្រភេទ បង្កងលេខ២ លេខ៣ ដែលមានតម្លៃចន្លោះពី ៤ម៉ឺនរៀល ទៅ ៥ម៉ឺនរៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ។ ដោយឡែកបង្កងតាកែវពិត គឺមិនមានតម្លៃថោកបែបនេះទេ តម្លៃ ១គីឡូ ២០ដុល្លារ ឯណោះ» ។
ជាក់ស្ដែង ដោយសារតែបង្កងនាំចូលតម្លៃថោក ហើយពលរដ្ឋមិនបានស្គាល់ច្បាស់ ជាហេតុនាំឱ្យពួកគេនាំគ្នាសម្រុកទិញបង្កងនាំចូល ដែលធ្វើឱ្យបង្កងនាំចូល អាចវាយលុកទីផ្សារខ្លាំងទៅៗ ។
លើសពីនេះទៀត ប្រធានសមាគមរូបនេះ ចង្អុលបង្ហាញថា «បង្កងតាកែវ គ្មានទេ ១គីឡូ តម្លៃ ២ម៉ឺនរៀល គឺមានតែបង្កងនាំចូលពីខាងក្រោមប៉ុណ្ណោះ ហើយបើទោះបីជាបង្កងតាកែវ លក់ចេញក្នុងតម្លៃ ១គីឡូ ២ម៉ឺនរៀន ក៏មិនចំណេញដែរ ព្រោះជាបង្កងចិញ្ចឹមតាមបែបធម្មតជាតិ ត្រូវការផ្តល់ចំណីអាហារឱ្យវាប្រចាំ ហើយបង្កងនាំចូល និងបង្កងក្នុងខេត្តពិតប្រាកដ គឺខុសគ្នាដាច់ បង្កងនាំចូលមានសាច់ផុយ ហើយបង្កងខេត្តមានសាច់ស្វិត ល្អ និងរសជាតិផ្អែម ឆ្ងាញ់» ។
បើតាមប្រធានសមាគមកំពុងទំនាក់ទំនងមកកាន់ទីផ្សារធំៗ នៅក្នុងរាជធានីភ្នំពេញ ដើម្បីនាំចេញបង្កងខេត្តតាកែវពិតប្រាកដ ដែលជាបង្កងធម្មជាតិដល់ពលរដ្ឋបរិភោគ ។ ប៉ុន្តែមុនធ្វើការនាំចេញ លោកក៏ត្រូវសិក្សាពីផលបង្កងនៅតាមកសិដ្ឋាននានាឱ្យបានច្បាស់លាស់ជាមុន អំពីដំណើរលូតលាស់ ហើយលុះត្រាតែបង្កងមានលក្ខណៈធំធាត់ និងអាចវិលជុំ ផ្គត់ផ្គង់ទីផ្សារ ចន្លោះពី ២០០គីឡូ ទៅ ៣០០គីឡូ ទើបលោកអាចសន្យា និងនិយាយកុងត្រានាំចេញបាន ។
លោក សាប់ សារុន បញ្ជាក់បន្ថែមថា ខេត្តតាកែវ មានកសិដ្ឋានចិញ្ចឹមបង្កងសរុបប្រមាណជិត ១០កសិដ្ឋាន សរុបទាំងតូច ទាំងធំ ។
បច្ចុប្បន្ននេះ បើបូកស្ថិតិបញ្ចូលគ្នា នៃការទម្លាក់កូនបង្កងនៅតាមកសិដ្ឋាននានា អាចឈានចូលដល់ចន្លោះពី ៣ ទៅដល់ ៤លានកូនបង្កង ប្រសិនជាបូកចេញជាសាច់បង្កងធំវិញ គឺអាចឈានចូលដល់ ២០០តោន ៕
No comments:
Post a Comment