ខេត្តកោះកុង៖ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ លោកស្រីអភិបាលខេត្តស្តីទី បានមានប្រសាសន៍ន និងបានអញ្ជើញ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម យៀប ម៉ាលីណូ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមការងារទាំងអស់ នៃក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា ដែលមានវត្តមាន ក្នុងអង្គសិក្ខាសាលាដ៏មានសារៈសំខាន់ នាពេលនេះ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជា និងបាននាំមកនូវ សន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យប្រទេសជាតិយើង មានកិត្យានុភាពខ្ពស់ត្រដែត ក្នុងតំបន់ និងពិភពលោក។
ក្រោមម្លប់សន្តិភាព នេះហើយនាំឱ្យខេត្តកោះកុងរបស់ យើង មានលទ្ធភាពកសាង ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន ៖ ផ្លូវជាតិ លេខ៤៨ ផ្លូវជាតិលេខ១០ អាកាសយានដ្ឋាន កំពង់ផែទឹកជ្រៅ កំពង់ផែទេសចរណ៍ និង ទំនិញរាយដងទង់ តំបន់សេដ្ឋកិច្ចពិសេស ការសាងសង់នូវស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះខេត្តកោះកុង សាងសង់រូបសំណាក ព្រឹទ្ធាចារ្យ សាយ ភូថង សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត សម្រាប់បម្រើដល់ វិស័យសេដ្ឋកិច្ច សង្គមកិច្ច ស្របតាមសេចក្តីត្រូវការ និងលើកស្ទួយជីវភាពប្រជាជន។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រ ស្តីពីកម្លាំងសេវាសង្គមនៅកម្ពុជា ២០២២-២០៣១ ឯកសារទឡីករណ៍សំខាន់ៗ សម្រាប់ការវិនិយោគកម្លាំងសេវាសង្គមនៅកម្ពុជា និងគោលការណែនាំ ស្តីពីសមត្ថភាពមូលដ្ឋាន សម្រាប់កម្លាំងសេវាសង្គម ដែលជាឆ្អឹងខ្នង នៃកិច្ច គាំពារសង្គម និងកិច្ចការពារកុមារ។ ទន្ទឹមគ្នានេះដែរ កម្លាំងសេវាសង្គម ដែលកំពុងផ្តល់សេវានៅកម្ពុជា បច្ចុប្បន្ននៅមានកម្រិតនៅឡើយ ទាំងបន្ទុកការងារច្រើន ប្រាក់ខែទាប ការបណ្តុះបណ្តាលមិនទាន់ សមស្របតាមនិយាម និងការវិភាជន៍ធនធាន នៅមានកំណត់នៅឡើយ ដែលទាមទារជាចាំបាច់នូវ ការអភិវឌ្ឍ ការពង្រឹង និងការពង្រីកបន្ថែមទៀត។ ការគាំទ្របុគ្គល និងគ្រួសារ ដែលជួបប្រទះ ភាពរងគ្រោះ និងងាយរងគ្រោះ គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ដើម្បីធានាថាសេវាសង្គមកិច្ច មានស្តង់ដាខ្ពស់ ត្រឹមត្រូវ នឹងអាចទទួលយកបាន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកសាងក្របខណ្ឌស្តង់ដា គុណភាពជាតិ ក្នុងនាមជាអង្គភាពទទួលបន្ទុកវិស័យសង្គមកិច្ច របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
សិក្ខាសាលានេះមានគោលបំណង ធ្វើឱ្យសេវាសង្គមកិច្ច មានគុណភាព ប្រក្រតីភាព និង ឆ្ពោះទៅរក ការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព ធានាសិទ្ធិមនុស្ស និងសុខុមារភាពអ្នកទទួលសេវា និងបង្កើតវិធានការវាយតម្លៃ និងត្រួតពិនិត្យ ដែលអាចវាស់វែងបានរួមនិងការពង្រឹងទំនាក់ទំនង រវាងអាជ្ញាធរ មណ្ឌល និងអង្គការពាក់ព័ន្ធ។លោកស្រីបានរាយការណ៍ ដោយសង្ខេបអំពីស្ថានភាពការងារពាក់ព័ន្ធនឹងវិស័យសង្គមកិច្ច ក្នុងខេត្តកោះកុង ដូចខាងក្រោម ៖
ក.វិស័យសង្គមកិច្ច-មានមណ្ឌលកុមារកំព្រារដ្ឋចំនួន ១ មណ្ឌល មានកុមារសរុបចំនួន ១៣ នាក់ ស្រី ៦នាក់។
-គិតចាប់ពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០២៥ ជនចាស់ជរា គ្រួសាររងគ្រោះ ទីទ័លក្រ ដោយ គ្រោះធម្មជាតិ និងគ្រោះអន្តរាយដោយយថាហេតុ នៅតាមសហគមន៍ បានទទួលជំនួយសង្គ្រោះ បន្ទាន់ពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំនួន ១០៩ គ្រួសារ។
-បច្ចុប្បន្នខេត្តកោះកុង មានសមាគមមនុស្សចាស់ ចំនួន ៥ឃុំ ២សង្កាត់ស្មើនឹង ១១ភូមិ ដែលកំពុង ដំណើរការ ទៅតាមស្ថានភាពជាក់ស្តែងនៃឃុំ សង្កាត់នីមួយៗ។
សមាគមមនុស្សចាស់ មានសមាជិក ចំនួន ៥៦៧នាក់ ស្ត្រីចំនួន ៣៥៦នាក់ គិតមកដល់ពេលនេះសមាគម មានថវិកាចំនួន ៤.៤៦៥.០០០រៀល។ ថវិកាទាំងនេះបានមកពីប្រាក់ភាគទានបង់ប្រចាំខែ របស់សមាជិក នៃសមាគម។
ខ.វិស័យស្តារសម្បទា-អនីតិជន ដែលកំពុងជាប់ឃុំចំនួន ៤២នាក់ ស្រី ១នាក់ ក្នុងនោះកុមារតាមម្តាយ សរុបមានចំនួន ៤ នាក់ប្រុស អនីតិជន ដែលទទួលបានការគាំទ្រពីភ្នាក់ងារសង្គមកិច្ច នៅថ្នាក់ចៅក្រមស៊ើបសួរសរុប ៨ នាក់ ស្តាប់ចម្លើយនៅដំណាក់កាលព្រះរាជអាជ្ញា សរុប ២នាក់ និងដំណាក់កាលចៅក្រមជំនុំជម្រះ សរុបចំនួន ៧នាក់។
គ.សាខាមូលនិធិជនពិការ-បានសហការ ជាមួយមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ខេត្តកំពង់ស្ពឺ ចុះជួសជុល អវយវៈសិប្បនិម្មិត និងរទេះរុញចល័ត ជូនជនមានពិការភាពចំនួន ៤ស្រុក និង ១ក្រុង ដោយមាន ជនមានពីការភាព មកទទួលសេវាសរុបចំនួន ១០៩នាក់ ស្រី ២៦នាក់ និងមានអ្នកមកទទួលសេវា ថ្មីចំនួន ៨នាក់។
-បានប្រគល់ផ្ទះ ជូនជនមានពិការភាពចំនួន ១ខ្នង ក្នុងឆ្នាំ២០២៥។
ឃ.សាខាមូលនិធិជាតិជំនួយសង្គម
១-ការអនុវត្តកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ-គិតមកដល់ខែឧសភា ឆ្នាំ២០២៥ គ្រួសារមានប័ណ្ណសមធម៌(ក្រ១ និងក្រ២) បានចុះឈ្មោះចូល ក្នុងកម្មវិធីមានចំនួនសរុប ៨.៨១៨ប័ណ្ណ។
-កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំក្នុងគ្រួសារក្រីក្រ មានប័ណ្ណ សមធម៌ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ រួមមានចំនួនសរុប ៤៤៦នាក់ ក្នុង នោះស្ត្រីមានផ្ទៃពោះសរុបមានចំនួន ១៤១នាក់ និងកុមារ ៣០៥នាក់។
-កម្មវិធីអាហារូបករណ៍សិស្សក្រីក្រ នៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅសាធារណៈ នៅកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ដែលបានអនុវត្តចាប់ពីថ្ងៃទី១ ខែមករា គិតដល់ខែឧសភា ឆ្នាំ២០២៥ មានសិស្សានុសិស្សកំពុងទទួលបានផលសរុបចំនួន ២៦នាក់ ស្រី ៧នាក់។
២.របបសន្តិសុខសង្គម-ទិន្នន័យអតីតមន្ត្រីរាជការស៊ីវិល៖ ដែលកំពុងបើករបបតាមប្រព័ន្ធធនាគារប្រចាំខែឧសភា ឆ្នាំ២០២៥ រួមមាន៖ និវត្តជន ចំនួន ៣៤១នាក់ ជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ៩នាក់ សរុបថវិកាប្រចាំខែស្មើ នឹង ៣២០,២៨៥,៩៤០រៀល។
-ទិន្នន័យអតីតយុទ្ធជន និងគ្រួសារប្រចាំខែឧសភា ឆ្នាំ២០២៥ សរុប ១,១៣៣នាក់ ថវិកាចំណាយ សរុបក្នុងខែឧសភា ស្មើនឹង ៨៨៨,១០៥,៨៦៤រៀល។
-មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចុះសម្រង់ទិន្នន័យ(កម្លាំងសេវាសង្គម) របស់អង្គការក្រៅរដ្ឋាភិបាល ដែលមានកម្មវិធីអនុវត្តលើវិស័យសង្គមកិច្ច វិស័យអប់រំ និងវិស័យកសិកម្ម ក្នុងខេត្ត សរុបមានចំនួន ៣អង្គការ ។
ទន្ទឹមនឹងសមិទ្ធផលសំខាន់ៗ ដែលបានលើកឡើងខាងលើនេះ ក៏នៅមានបញ្ហាប្រឈម ជាច្រើនទៀតដូចជាភាពក្រីក្រ នៅក្នុងខេត្តកោះកុង ដែលយើងត្រូវបន្តយកចិត្តទុកដាក់ជួយសង្គ្រោះ និងបង្កឱកាសឱ្យពួកគាត់ អាចស្តារ និងកសាងជីវភាពគ្រួសារបានប្រសើរឡើង។ ការប្រែប្រួល អាកាសធាតុ គ្រោះធម្មជាតិ និងគ្រោះមហន្តរាយសង្គមផ្សេងៗ នៅក្នុងភូមិសាស្ត្រខេត្តកោះកុង បានបង្កើតឱ្យមានភាពងាយរងគ្រោះ ដូចជាការចំណាកស្រុក ជនអនាថា ជនចាស់ជរាក្រីក្រគ្មានទីពឹង ជនពិការក្រីក្រ កុមារកំព្រា និងកុមារងាយរងគ្រោះ។ល។ ដែលកំពុងរង់ចាំទទួលសេវាសង្គមកិច្ច និងជំនួយសង្គម។ឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ រដ្ឋបាលខេត្ត នឹងបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល សមាគមពាក់ព័ន្ធនានា ដើម្បីសម្របសម្រួល និងផ្តល់សេវា ដល់មុខសញ្ញា ដែលជាជនរងគ្រោះ និងងាយរងគ្រោះ នៅក្នុងភូមិសាស្ត្ររបស់ខេត្តកោះកុង។ជាថ្មីម្តងទៀត លោកស្រីវាយតម្លៃខ្ពស់ចំពោះអង្គសិក្ខាសាលានេះ ដែលចាត់ទុក ជាការអនុវត្ត ជំហានដំបូង នៃយុទ្ធសាស្ត្រសំខាន់ ក្នុងការបំពេញគោលនយោបាយសង្គមកិច្ច របស់រាជរដ្ឋាភិបាល និងជាការរួមចំណែកធ្វើឱ្យខេត្តកោះកុង ឱ្យក្លាយជាមជ្ឈមណ្ឌលសេវាសង្គមកិច្ច ដ៏មានប្រសិទ្ធភាព និងសូមឱ្យមានការចូលរួមពីគ្រប់ភាគី ដើម្បីសម្រេចវិស័យនេះ ជាមួយនឹងភាពជាអ្នកដឹកនាំរួមគឺ ជាឱកាស សំខាន់ ក្នុងការបញ្ជាក់ពីស្មារតី សហការ និងកាតព្វកិច្ចរួមគ្នា ដើម្បីលើកកម្ពស់គុណភាពសេវាសង្គមកិច្ច នៅខេត្តកោះកុង។ ការអនុវត្តស្តង់ដារជាតិ នឹងជួយធានាថាប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិ ទទួលបានសេវា ដែលមានគុណភាព សមធម៌ និងគោរពសិទ្ធិមនុស្ស។ ខេត្តកោះកុង នឹងបន្តធ្វើជាដៃគូដ៏ សកម្មក្នុងការងារសង្គមកិច្ច ដោយមានការគាំទ្រពីអស់លោក លោកស្រីទាំងអស់គ្នា៕
ប្រភព ៖ រដ្ឋបាលខេត្តកោះកុង
No comments:
Post a Comment