ខេត្តក្រចេះ៖ ព្រឹកថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥ លោក ហង់ ចាន់ឌី អភិបាលរងខេត្ដ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៦ នៃទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ “លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាពនិងភាពធន់» នៅបរិវេណវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ។
លោក ហង់ ចាន់ឌី អភិបាលរងខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុកាពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ក្នុងពិធីទាំងពីរ។
លោកបន្តថា៖ ឆ្នាំនេះប្រទេសកម្ពុជា ប្រារព្ធខួបលើកទី៧៦ នៃទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ “លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាពនិងភាពធន់» ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេស ការបង្ការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវញ្ច និងការរំលោភបំពាននានា គ្រប់ទម្រង់បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅនិងអភិវឌ្ឍដោយសុខដុមរមនាក្រោម ម្លប់សន្តិភាព។
លោក ហង់ ចាន់ឌី បន្ដទៀតថា ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយយកកត្តាមនុស្ស ជាអាទិភាពគន្លឹះទី១ និងបានដាក់ចេញវិធានការគន្លឹះនានា សម្រាបវិស័យអប់រំ យុវជន និងកីឡា ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។
លោកអភិបាលរងខេត្ត ក៏បានអំពាវនាវទៅដល់គ្រប់អង្គភាព ស្ថាប័ន អង្គការនានា សប្បុរសជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មាតាបិតា អាណាព្យាបាល ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឱ្យក្លាយទៅជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ
No comments:
Post a Comment