ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ មិថុនា ឆ្នាំ២០២៥នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំ អាជ្ញាធរមូលដ្ឋានខណ្ឌនិងមន្ទីរជំនាញ ចុះពិនិត្យមើលលូ ប្រឡាយ និងស្ថានីយ៍បូមទឹក ក្នុងភូមិសាស្ត្រខណ្ឌដង្កោ និងខណ្ឌមានជ័យ ដើម្បីធ្វើយ៉ាងណាឱ្យចរន្តទឹកហូរបានលឿន បញ្ជៀសបាននូវការជនលិចដោយជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋ នារដូវវស្សានេះ។
ឯកឧត្ដម ឃួង ស្រេង បានចុះពិនិត្យការស្តារប្រឡាយភូមម័រ ចាប់ពីប្រឡាយលូប្រាំរហូតដល់ស្ឋានីយ៍បូមទឹកបឹងទំពុន ពិនិត្យការស្តារប្រឡាយបឹងទំពុនរហូតមកដល់ផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅស្ទឹងជ្រៅ បន្តចុះពិនិត្យប្រឡាយបឹងជើងឯកត្រង់ចំណុចប្រសប់ជាមួយមហាវិថីឈុន គង់ ខណៈទីតាំងនេះកំពុងសាងសង់ស្ពានឆ្លងកាត់។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា៖ ការចុះពិនិត្យមើលប្រឡាយលូខាងលើនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យ អាជ្ញាធរខណ្ឌទាំង២ និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញស្តារប្រឡាយភូមម័រ ចាប់ពីប្រឡាយលូប្រាំរហូតដល់ស្ឋានីយ៍បូមទឹកបឹងទំពុន ទៅផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅស្ទឹងជ្រៅឱ្យបានលឿន ដើម្បីធានាឱ្យទឹកហូរពីភាគខាងត្បូងរាជធានីភ្នំពេញឆ្ពោះទៅកាន់ស្ទឹងជ្រៅបានលឿន។បន្ថែមពីនេះទៀត ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌមានជ័យ និងខណ្ឌដង្កោ បន្តការដោះស្រាយផលប៉ៈពាល់ ប្រឡាយភូមិម័រដែលនៅសល់សល់ ពីការដោះស្រាយផលប៉ះពាល់របស់គណៈកម្មាធិការអន្តរក្រសួងឱ្យបានរួចរាល់ ដើម្បីឱ្យក្រុមការងារអាចដាក់គ្រឿងចក្រចូលស្តារប្រឡាយនេះបានទៅតាមទំហំនៃប្លង់ប្រឡាយលូក្នុងរាជធានីភ្នំពេញ។ ជាងនេះទៅទៀតឯកឧត្ដម ឃួង ស្រេង នូវបានជម្រុញឱ្យការសាងសង់ស្ថានីយ៍បូមទឹកលូប្រាំនិងស្ថានីយ៍បូមទឹកបឹងទំពុនឱ្យបានលឿននិងរួចរាល់នៅក្នុងខែកក្កដាខាងមុខនេះ ដើម្បីបានប្រើប្រាស់ដោះស្រាយបញ្ហាទឹកលិច លង់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា៖ បើតាមគម្រោង ស្ថានីយ៍បូមទឹកលូប្រាំនិងរួចរាល់នៅចុងខែមិថុនានេះ ហើយស្ថានីយ៍បូមទឹកបឹងទំពុនថ្មីដែលសាងសង់បន្ថែមនិងរួចរាល់ ហើយដាក់ឱ្យដំណើរការបាននៅថ្ងៃទី១៥ កក្កដានេះ។
នាព្រឹកដដែល ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានបន្តចុះពិនិត្យប្រឡាយបឹងជើងឯកត្រង់ចំណុចប្រសប់ជាមួយមហាវិថីឈុនគង់ ដែលទីតាំងនេះ ក្រុមការងារបាននិងកំពុងតែសាងសង់ស្ពាន ដោយខណៈពេលនោះឯកឧត្ដមអភិបាលបានណែនាំឱ្យការដ្ឋានកាយភក់ប្រឡាយឱ្យបានធំដើម្បីឱ្យទឹកហូរបានលឿន៕
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
No comments:
Post a Comment