ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញបានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តចាត់វិធានការចំពោះក្មេងទំនើង ដែលបំពាក់បំពង់ស៊ីម៉ាំងធំៗបង្កសំឡេងរំខាន ដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។
ការស្នើសុំបែបនេះរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
ក្នុងនោះដែរសមាជិកក្រុមប្រឹក្សានិងឯកឧត្ដមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរផងដែរចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការកសាងអភិវឌ្ឍន៍រាជធានីភ្នំពេញឍឱ្យមានការអភិវឌ្ឍរីកចម្រើនជាមួយនឹងការពារសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អប្រសើរដែលធ្វើឱ្យបទល្មើសក្នុងខែឧសភាកន្លងមកនេះមានការថយចុះ ពោលគឺបទល្មើសព្រហ្មទណ្ឌកើតមាន ៣៧លើក/ ៤៩លើក ថយចុះ ១២លើក។
ក្រុមប្រឹក្សារាជធានីភ្នំពេញក្នុងកិច្ចប្រជុំនោះក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ICJ ។
ជាការឆ្លើយតប ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ពាក់ព័ន្ធនឹងការបំពងសំឡេងស៊ីម៉ាំងម៉ូតូឡាន រដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តការងារនេះ ច្រើនហើយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ យើងនឹងមានវិធានការ ចំពោះការបំពងសំឡេងរំខានដោយស៊ីម៉ាំងម៉ូតូ និងរថយន្តទាំងនេះ។ ការងារចំពោះមុខ យើងត្រូវបង្កើននូវការផ្សព្វផ្សាយ ដើម្បីឱ្យពួកគាត់យល់ដឹងពីការរំខានដោយសំឡេងស៊ីម៉ាំងម៉ូតូ ឡានទាំងនេះ។
ជាមួយគ្នានោះ ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចបន្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកពិសេសរថយន្តដឹកធ្ងន់ដែលដាក់វាំងននបិទជិត បង្កហានិភ័យច្រើនដល់គ្រោះថ្នាក់ចរាចរណ៍ ដោយផ្សព្វផ្សាយ អប់រំឱ្យច្រើនជាងការផាកពិន័យ។
ឯកឧត្ដមអភិបាលរាជធានីបានបន្តថា៖ ពាក់ព័ន្ធនឹងសំណល់រឹង សំរាមនៅក្នុងរាជធានីភ្នំពេញ បើទោះបីការដឹកជញ្ជូន ការប្រមូលទុកដាក់សំរាម មានភាពល្អប្រសើរហើយក្តី ប៉ុន្តែយើងក៏នៅមានបញ្ហាចន្លោះប្រហោងខ្លះ ដែលយើងត្រូវតែបន្តអនុវត្តឲ្យកាន់តែល្អប្រសើរថែមទៀត។ ជាមួយគ្នានោះ ឯកឧត្ដមឃួង ស្រេង ក៏បានធ្វើការអំពាវនាវ ឱ្យមន្ត្រីរាជការទាំងអស់ សូមលើកទឹកចិត្តដល់កងកងទ័ពជួរមុខដែលកំពុងតែឈរជើងការពារព្រំដែន តាមរយៈការជួយឧបត្ថមជាថវិកា គ្រឿងឧបភោគបរិភោគ ជូនពួកគាត់ ទោះតិចឬច្រើនក្តី ។ បន្ថែមពីនេះទៀត ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានី បានណែនាំឱ្យមន្ត្រី ខណ្ឌ សង្កាត់ អង្គភាពនានា ជួយស៊ែរផេករបស់ថ្នាក់ដឹកនាំរបស់យើងឱ្យបានគ្រប់គ្នា ដូចជាផេករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផេករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាដើម ដើម្បីបង្ហាញឱ្យឃើញពីទឹកចិត្តរួមគ្នា ដើម្បីជាតិតែមួយ៕
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
No comments:
Post a Comment