ខេត្តព្រះសីហនុ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥៖ គណៈគ្រូពេទ្យខេត្តព្រះសីហនុបានរៀបចំទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១០របស់ខ្លួននៅសណ្ឋាគារឯករាជ្យក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ(អាណត្តិទី៤នេះ) ដោយមានការចូលរួមពីសំណាក់លោកលោកស្រីជាតំណាងប្រធានមន្ទីរសុខាភិបាលខេត្ត គណៈវិជ្ជាជីវៈឆ្មប គិលានុបដ្ឋាក និងទន្តពេទ្យ ព្រមទាំងគ្រូពេទ្យនៅក្នុងខេត្តព្រះសីហនុនិងខេត្តជុំវិញចំនួន២០០នាក់ និងចូលរួមតាមប្រព័ន្ធZoomចំនួន១០០០ នាក់។
ក្នុងមតិសំណេះសំណាលបើកទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១០នេះ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា បានធ្វើការរំលឹកអំពី តួនាទីសំខាន់ៗរបស់គណវិជ្ជាជីវៈសុខាភិបាល ដែលមានចក្ខុវិស័យជំរុញកសាងឥស្សរភាព និងឧត្តមភាពវិជ្ជាជីវៈរបស់ខ្លួនដើម្បីរួមចំណែកជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជាយើងក្នុងការបម្រើសេវាសុខាភិបាលសាធារណៈជូនប្រជាជនប្រកបដោយ គុណភាព សុវត្ថិភាពខ្ពស់ និងពេញចិត្តពីប្រជាពលរដ្ឋទូទៅ។ ដូច្នេះ ថ្នាក់ដឹកនាំគណៈវិជ្ជាជីវៈទាំងអស់ ទាំងថ្នាក់ជាតិ និងគ្រប់ខេត្ត រាជធានី ត្រូវពង្រឹងអភិបាលកិច្ច ការអភិវឌ្ឍវិជ្ជាជីវៈបន្តអោយមានគុណភាពនិងប្រសិទ្ធភាពខ្ពស់ គ្រូពេទ្យគ្រប់រូបដែលប្រកបការងារក្នុងវិស័យសុខាភិបាលត្រូវចុះបញ្ជិការ នុងមានអាជ្ញាបណ្ណអនុញ្ញាតដោយគណៈ។ ឯកឧត្តមប្រធានក៏បានអំពាវនាវ អោយសហភាតារៈទាំងអស់ ស្វែងរៀនសូត្របន្ត និងប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាត្រីវិស័យក្នុងរាល់ពេលបំពេញការងារ និងគោរពអោយបានខ្ជាប់ខ្ជួននូវនិយាមវិជ្ជាជីវៈវេជ្ជសាស្ត្រ និងវិន័យ ច្បាប់ទំលាប់នានាៗរបស់អង្គភាព និងក្រសួងសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យ បានបន្តទៀតថាស្របពេលដែល រាជរដ្ឋាភិបាលយកចិត្តទុកដាក់និងចាត់ទុក្ខ សុខុមាលភាពរបស់ប្រជាពលរដ្ឋជាអាទិភាពចំបងក្នុងការអភិវឌ្ឍប្រទេសជាតិ យើងទាំងអស់គ្នាជាវេជ្ជបណ្ឌិត គ្រូពេទ្យត្រូវបន្តអនុវត្តតាម គោលនយោបាយដ៏ល្អនេះ ធ្វើយ៉ាងណាអោយការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋប្រកបដោយ គុណភាព សុវត្ថិភាព និងសមភាព។
កម្មវិធីវិទ្យាសាស្ត្រ របស់ទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តខេត្តព្រះសីហនុលើកនេះមានការអញ្ជើញចូលរួមពីសាស្ត្រាចារ្យប្រធានអាសនៈនិងវាគ្មិនជំនាញៗ ដែលអញ្ជើញមកពីរាជធានីភ្នំពេញ ជាមួយនឹងប្រធានបទល្អៗដែលជាបច្ចុបន្នភាពនៃជំងឺជួបប្រទះក្នុងការប្រតិបត្តិរៀងរាល់ថ្ងៃរបស់គ្រូពេទ្យយើង។
នាចុងបញ្ចប់ មតិសរុបរបស់ លោកវេជ្ជបណ្ឌិត លិ គឹមហ៊ួរ ក្នុងនាមជាប្រធានគណៈគ្រូពេទ្យខេត្តព្រះសីហនុ បានថ្លែងអំណរដល់ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា ដែលបានចំណាយពេលដ៏មានតំលៃនិងមមារញឹកអញ្ជើញមកចូលរួមនិងផ្តល់អនុសាសន៍ល្អៗដល់អង្គពិធី ក៏ដូចជាប្រធានអាសនៈ វាគ្មិន ដែលអញ្ជើញមកពីរាជធានីភ្នំពេញ ក៏ដូចជាវាគ្មិននៅខេត្តព្រះសីហនុ និងសិក្ខាកាមដែលចូលរួមដោយផ្ទាល់ ក៏ដូចជាចូលរួមតាមប្រព័ន្ធZoom ដែលញ៉ាំងអោយអង្គទិវានេះប្រព្រឹត្តទៅយ៉ាងជោគជ័យ៕
No comments:
Post a Comment