ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អនុញ្ញាតឱ្យអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ចូលជួបសម្តែងការគួរសម ក្រោយបញ្ចប់អាណត្តិនៅកម្ពុជា - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, June 12, 2025

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អនុញ្ញាតឱ្យអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ចូលជួបសម្តែងការគួរសម ក្រោយបញ្ចប់អាណត្តិនៅកម្ពុជា

ខេត្តបន្ទាយមានជ័យ៖ អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម ង្វៀន ថាញ់ វ៉ាន់ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង រួមនឹងប្រតិភូអមដំណេីរ អញ្ជើញជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្ត ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត ព្រមទាំងបានជម្រាបលា ក្រោយពី ឯកឧត្ដម បានបញ្ចប់អាណត្តិនៅប្រទេសកម្ពុជា នៅរសៀលថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ ២០២៥។ 


ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជនកម្ពុជាខេត្ត បន្ទាយមានជ័យ ឯកឧត្ដម អ៊ុំ រាត្រី បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះស្មារតីស្រឡាញ់រាប់អានរបស់ថ្នាក់ដឹកនាំ នៃគណៈប្រតិភូ អគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានឆ្លៀតពេលវេលាអញ្ជើញមកសម្តែងការគួរសម និងជម្រាបលាថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ដែលនេះ គឺជាកាយវិការមួយបង្ហាញនូវមនោសញ្ចេតនាស្រឡាញ់រាប់អាន ប្រកបដោយភាតរភាពជា បងប្អូន និងជាការរឹតចំណងសាមគ្គីភាពដ៏រឹងមាំស្ថិតស្ថេរ យូរអង្វែងតទៅ។ ឯកឧត្ដម អភិបាល ខេត្ត ក៏បានរំលឹកថាប្រទេសកម្ពុជា-វៀតណាម តែងតែមានទំនាក់ទំនងគ្នាល្អ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធលើគ្រប់កាលៈទេសៈ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ឈរលើស្មារតីសាមគ្គីស្អិតរមួត រួមគ្នាជាធ្លុងមួយតស៊ូប្រយុទ្ធប្រឈមនឹងបញ្ហា និងការលំបាកនានា បានឆ្លងកាត់ភ្លើងសង្រ្គាមជាមួយគ្នាតាំងពីដើមរៀងមក ប្រកៀកស្មាគ្នាប្រយុទ្ធសត្រូវរួម ដើម្បីឯករាជ្យភាព សេរីភាព នៃប្រជាជនរបស់ខ្លួន។ 


ក្នុងឱកាសនោះឯកឧត្តម ង្វៀន ថាញ់ វ៉ាន់ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណចំពោះថ្នាក់នាំខេត្តបន្ទាយមានជ័យ ពិសេសឯកឧត្តម អ៊ុំ រាត្រី ដែលក្នុងអាណត្តិ ឯកឧត្ដម បានមកបំពេញបេសកកម្មក្នុងប្រទេសកម្ពុជា ក៏ដូចជានៅខេត្តបន្ទាយមានជ័យ ទទួលបានការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធ ដែលជាមិត្តដ៏ល្អរវាងប្រទេសកម្ពុជា-វៀតណាម ព្រមទាំងបានជួយសម្រុះសម្រួលរួចកាតព្វកិច្ចការងាររបស់កងទ័ពវៀតណាម ដែលបានមករុករកអដ្ឋិធាតុនៅក្នុងខេត្តបន្ទាយមានជ័យ ទទួលបានលទ្ធផលប្រកបដោយភាពជោគជ័យ។ 


សូមបញ្ជាក់ថា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្របសម្រួលដល់បេសកកម្មរបស់ក្រុមរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីធ្វើមាតុភូមិនិវត្តន៍ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ជាថ្មី ដោយមានកិច្ចសហការល្អរវាងតំបន់ប្រតិបត្តិការសឹករងខេត្ត និងក្រុមK71 វៀតណាម។ ជាលទ្ធផល ការរុករកអដ្ឋិធាតុមាន២៥ដំណាក់កាលគឺ ចាប់ពីឆ្នាំ២០០១-២០២៤ រុករកឃើញចំនួន៧៦១សព ដោយឡែកចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ បានរុករកឃើញចំនួន៨៣សព ដូច្នេះ ជាសរុបមានចំនួន៨៤៤សព៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ





 

No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages