មេក្លោងកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះធ្វើការចាប់ខ្លួនជាក់ស្តែងនៅចំណុចទីតាំងកាប់រានទន្ទ្រានដីព្រៃឈើរបស់រដ្ឋ ស្ថិតនៅភូមិសាស្ត្រ ភូមិអ៊ីបុ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យបញ្ជូនទៅកាន់តុលាការកាលពីរសៀលថ្ងៃទី០៧ តុលា ឆ្នាំ២០២៣ នេះ។
ការចុះឃាត់ខ្លួនមេខ្លោងកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ បានធ្វើឡើងកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០២៣ដោយមានការចូលរួមពីកម្លាំងរដ្ឋបាលព្រៃឈើ កម្លាំងអាវុធហត្ថខេត្ត កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្ត កម្លាំងមន្ទីរបរិស្ថានខេត្តអាជ្ញាធរស្រុកបុរីអូរស្វាយសែនជ័យ ដឹកនាំដោយលោកអភិបាលរងស្រុក ព្រមទាំងជំទប់ឃុំអូរស្វាយក្រោមការសម្របសម្រួលពីលោកស៊ិន រក្សា ព្រះរាជអាជ្ញារង នៃសាលាដំបូង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការមានឈ្មោះ អ៊ុក ល័ក្ខ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើចំការ មានស្រុកកំណើត នៅភូមិសោប ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា យោងតាមការឆ្លើយសារភាពរបស់ឈ្មោះអ៊ុក ល័ក្ខ ថាដីខាងលើខ្លួនបានកាប់រុករានកន្លងមក មានទំហំ៣០០ម៉ែត្រគុណ៥០០ម៉ែត្រស្មើ ១៥ ហិកតា នៅចំណុច UTM ០៦៣៦៥៧៥ ១៥៣២៣៩៦ ក្បែរអូរឃ្លាំង ក្នុងភូមិសាស្ត្រ ភូមិអ៊ីបុ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចថា កម្លាំងដែលចុះប្រតិបត្តិការផ្ទាល់ការចុះបង្ក្រាបករណីខាងលើ គឺមានការសហការដោយកម្លាំងចម្រុះក្នុងនាមគណៈកម្មការ បង្ក្រាបបទល្មើសធនធានធម្មជាតិ ថ្នាក់ខេត្តតាមសារាចរណ៍លេខ០៥។
សមត្ថកិច្ចបញ្ជាក់បន្ថែមថា ក្រោមចម្លើយសារភាពរបស់ជនសង្ស័យក្នុងសកម្មភាពកាប់រានទន្ទ្រានដីព្រៃឈើរបស់រដ្ឋដោយខុសច្បាប់រដ្ឋបាលព្រៃឈើបានសម្រេចកសាងសំណុំរឿង ចោទក្នុង មាត្រា ៩៧.ចែងត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ ដែលត្រូវជាប់ ពន្ធនាគារពីប្រាំ (៥) ឆ្នាំ ទៅដប់ (១០) ឆ្នាំ។
នៅរសៀលថ្ងៃទី០៧តុលានេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅតាមតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕
No comments:
Post a Comment