ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកណ្តាល បានរៀបចំពិធីសំណេះសំណាល និងប្រគល់កុំព្យូទ័រ ចំនួន ៦០ គ្រឿង ជូនមន្រ្តីជំនួយការហិរញវត្ថុរដ្ឋបាលឃុំ សង្កាត់ លើកទី៣ ជាជំនួយឧបត្ថម្ភ របស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋនិងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋ-លេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជា អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដកណ្ដាល។
លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកណ្តាល បានឲ្យដឹងថានេះជាលើកទី៣ហើយ ដែលអគ្គលេខាធិការដ្ឋានគណៈ កម្មាធិការ ដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឧបត្ថម្ភសម្ភារៈបរិក្ខាបច្ចេកទេសជា កុំព្យូទ័រ ជូនដល់រដ្ឋបាលខេត្ដ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ក្នុងគោលបំណងផ្ដល់ការគាំទ្រដល់ការបំពេញមុខងារ ភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្ដសិទ្ធភាព និងមានភាពបុរេសកម្ម លើកិច្ចការគ្រប់គ្រងថវិកា,ការគ្រប់គ្រងនិងរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្ដិ និងការគ្រប់គ្រងចំណូលមិនមែនសារ ពើ ពន្ធនៅថ្នាក់មូលដ្ឋានស្របតាមគោលនយោបាយ និងផែនការសកម្មភាពនៃការអនុវត្ដកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងកម្មវិធីកែទម្រង់វិជ្ឍការ និងវិសហមជ្ឍការរបស់រាជរដ្ឋាភិបាល។
ឯកឧត្ដមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកោតសរសើរដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដ ដែលជាតំណាងឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសេនាធិការឱ្យរដ្ឋបាលខេត្ដ លើកិច្ចការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ បានអនុវត្ដមុខងារ ភារកិច្ចប្រកបដោយភាពបុរេសកម្ម លើកិច្ចការសម្របសម្រួល ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ដ និងការបណ្ដុះបណ្ដាលជាប្រចាំដល់មន្រ្ដី គ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលខេត្ដ រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ លើកិច្ចការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន FMIS , ការគ្រប់គ្រងនិងរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្ដិរដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានSARMIS,ការកត់ត្រាចំណូលមិនមែនសារពើពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន NRMIS ក្នុងគោលបំណងធានាឱ្យការអនុវត្ដការគ្រប់គ្រងចំណូល ចំណាយថវិកានិងការគ្រប់គ្រងទ្រព្យសម្បត្ដិរដ្ឋនៅរដ្ឋ បាលខេត្ដ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ បានត្រឹមត្រូវស្របតាមលិខិតបទដ្ឋានគតិយត្ដជាធរមាន ។
ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ បន្ដយកចិត្ដទុកដាក់ខ្ពស់ ដើម្បីចូលរួមអនុវត្ដគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកំណែទម្រង់វិមជ្ឍការនិងវិសហមជ្ឍការ និងចូលរួមសម្រេចបានចក្ខុវិស័យរបស់រដ្ឋាភិបាល ក្នុងការកសាងរដ្ឋបាលឌីជីថល (Digital Government)៖ បន្តពង្រឹងសមត្ថភាព បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ជូនមន្រ្ដីរបស់ខ្លួន ក្នុងការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ ដើម្បីកត់ត្រា រៀបចំ គ្រប់គ្រង ទិន្នន័យនិងឯកសារ ជាពិសេស៖ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន FMIS ,ការគ្រប់គ្រងនិងរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្ដិរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន SARMIS ,ការកត់ត្រាចំណូលមិនមែនសារពើពន្ធ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន NRMIS និងបង្កើនការយល់ដឹងអំពីសុវត្ថិភាពទិន្នន័យ ការការពារមេរោគកុំព្យូទ័រ ការការពារពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណែត (Cyberattacks) និងការថែទាំកុំព្យូទ័រ ព្រមទាំងបង្កើនការយល់ដឹងអំពីការរក្សាការសម្ងាត់វិជ្ជាជីវៈ និងឯកជនភាពនៃទិន្នន័យ (Data Privacy) ជៀសវាងការចែករំលែកឯកសារសម្ងាត់ ឬសំខាន់ លើប្រព័ន្ធអ៊ីនធើណែតដោយចៃដន្យ និងបន្តចូលរួមថែរក្សាកុំព្យូទ័រដែលនឹងត្រូវបានប្រគល់ជូននាថ្ងៃនេះឱ្យបានល្អ និងប្រុងប្រយ័ត្នការប៉ះពាល់ដោយចូលទឹក ឬធ្លាក់ ដើម្បីរក្សាប្រើប្រាស់បានយូរអង្វែង។
No comments:
Post a Comment